លទ្ធផលវេទិកាតុមូលស្តីពី «បន្ទប់ពិសោធន៍ជីវសាស្ត្រ និងបញ្ហាសុខភាពសាធារណៈ»

ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច_CCJA) នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២​បានរៀបចំវេទិកាតុមូលស្តី​បន្ទប់​ពិសោធន៍​​ជីវសាស្រ្ត និងបញ្ហាសុខភាពសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនសំខាន់ៗ មានឯកឧត្តមបណ្ឌិតសភាចារ្យ រស់​ចន្ត្រា​​បុត្រ ឯកទេសវិទ្យាសាស្រ្តនយោបាយ លោក សយ សុភាព ប្រធានសសកច លោក លីវ ស៊ាវគ័ង និងសមាជិក   គណៈនាយកសសកច​ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានមានប្រសាសន៍នៅក្នុងវេទិកានោះថា បញ្ហាបន្ទប់ពិសោធន៍ជីវិសាស្រ្តនៅអាស៊ី និងបញ្ហាសុខភាព ជា​រឿង​សំខាន់និងចាំបាច់បំផុត ដែលត្រូវមានការយកចិត្តទុកខ្ពស់ ក្នុងការគ្រប់គ្រងឱ្យបានម៉ត់ចត់ ពិតណាស់ថា វាបានចូលរួមចំណែក ក្នុងការ​លើក​ស្ទួយ​ក្នុងវិស័យវេជ្ជសាស្រ្ត ប៉ុន្តែវាក៏បង្កវិនាសកម្មធំ និងគ្រោះមហន្តរាយមួយ ដែលមិនអាចព្យាករផងដែរ នូវផលវិបាករបស់វា កាលបើគេមិនអាចគ្រប់គ្រងឱ្យបានល្អប្រសើរទេនោះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែម ដោយបានសម្តែងនូវក្តីកង្វល់របស់ខ្លួនជុំវិញផលវិបាកដែលកើតមាន ជាហូរហែតួយ៉ាង ដូច​ជា​ជំងឺកូវីដ១៩ ដែលពិភពលោកកំពុងរងការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងផលប៉ះពល់ដល់សេដ្ឋកិច្ច សង្គមថែមទៀតផង ហើយមិនតែ​ប៉ុណ្ណោះ​ទៀតសោត ការលេចចេញនូវជំងឺអុតស្វាថ្មី ពិតជាបង្កឱ្យមានការព្រួយថ្មីមួយបន្ថែមទៀត បន្ថែមពីលើជំងឺកូវីដ១៩ ដែលមិនទាន់បានស្រាក​ស្រាននៅឡើយ។

លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច បានខិតខំប្រឹងប្រែងក្នុងរុករកនូវប្រធានបទថ្មីៗ និងបច្ចុប្បន្នភាព ដើម្បីអញ្ជើញវាគ្មិន មកចូលរួមបកស្រាយជូនសាធារណជន ឱ្យបានជ្រាប ហើយជាពិសេសប្រធានបទថ្មីនេះ សង្ឃឹមថា នឹងចូលរួមចំណែក​ក្នុងលើក​កម្ពស់ការយល់ដឹងបន្ថែម ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

លោក លីវ ស៊ាវគ័ង អនុប្រធានសសកច បានសម្តែងចំណាប់អារម្មណ៍របស់លោកថា ចាប់តាំងពីឆ្នាំ 2020 មក ពិភពលោកទាំងមូល បានរង​ផលប៉ះ​ពាល់​យ៉ាងខ្លាំង ដោយការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅពេលដែល​មេរោគ​ថ្មីៗនៅតែបន្តបំលែងខ្លួន ឥតឈប់ឈរ មនុស្សកាន់តែភ័យខ្លាច ថាតើនឹងមានមេរោគផ្សេងទៀតដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស​ដែរ​ឬ​ទេ? ហើយវាពិតជាពិបាក សម្រាប់មនុស្សក្នុងការរកវិធានការ បង្ការនិងទប់ស្កាត់។ ជាឧទាហរណ៍ ការផ្ទុះឡើងនៃមេរោគជំងឺអុតស្វាក្នុ ងប្រទេស​ជាច្រើន នៅអឺរ៉ុប និងអាមេរិកនាពេលថ្មីៗនេះ កំពុងបង្កឱ្យមានការប្រុងប្រយ័ត្នជាសកល និងការព្រួយបារម្ភ អំពីការរីករាលដាលនៃជំងឺប្រភេទនេះ។

នៅក្នុងខែមីនា ឆ្នាំ២០២២នេះ រុស្ស៊ីបានបង្ហើបថា សហរដ្ឋអាមេរិកបានបង្កើតវិទ្យាស្ថានស្រាវជ្រាវជីវគីមីនៅប្រទេសអ៊ុយក្រែន ដែលមានឯកទេស​ក្នុង​ការ​សិក្សា​អំពីមេរោគសត្វ រួមទាំងប្រចៀវផងដែរ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសហរដ្ឋអាមេរិកផ្ទាល់ សហរដ្ឋអាមេរិកមានបន្ទប់​ពិសោធន៍ជីវសាស្ត្រចំនួន 26 នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិកជាអ្នកគ្រប់គ្រងទាំងស្រុង។ ក្រសួងការពារជាតិរុស្ស៊ី ក៏​បាន​រាយការណ៍ថា សហរដ្ឋអាមេរិកបានផ្តល់មូលនិធិជាង 200 លានដុល្លារដល់មន្ទីរពិសោធន៍ជីវសាស្ត្រនៅអ៊ុយក្រែន ហើយថានាយកដ្ឋានគ្រប់​គ្រងជម្ងឺឆ្លង និង ជម្ងឺរាតត្បាត នៃក្រសួងការពារជាតិអ៊ុយក្រែនបានចូលរួមក្នុងគម្រោងជីវសាស្ត្រយោធាសហរដ្ឋអាមេរិកមួយនេះ។

ជាមួយគ្នានេះមានសេចក្តីរាយការណ៍បញ្ជាក់ថា មន្ទីរពិសោធន៍ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក បានធ្វើការសាកល្បងទៅលើខ្លួនមនុស្ស​ទៀត​ផង។ នេះបើតាមការកត់សម្គាល់របស់លោក លីវ ស៊ាវគ័ង។

លោក បានមានប្រសាសន៍ បន្ថែមថា ក្នុងពិភពលោកសព្វថ្ងៃនេះ ដោយសារតែការវិលត្រលប់នៃចិត្តគំនិតសង្រ្គាមត្រជាក់ ភាគីជម្លោះមិនបដិសេធ​ការ​ប្រើ​ប្រាស់​អាវុធ​ជីវសាស្រ្ត នៅពេលមានជម្លោះយោធានោះទេ ហើយនៅពេលដែលពួកគេ ប្រើប្រាស់អាវុធជីវសាស្ត្រ សុខភាពប្រជាជនសាមញ្ញ នឹងរងទុក្ខជាទីបំផុត ។ ដូច្នេះ ប្រទេសមហាអំណាចធំៗរបស់ពិភពលោក គួរតែពន្យល់ជាសាធារណៈអំពីអ្វីដែលហៅថា មន្ទីរពិសោធន៍ជីវសាស្រ្ត​ដែលខ្លួនមាន រួមទាំងមេរោគអ្វីដែលពួកគេកំពុងសិក្សាស្រាវជ្រាវ និងប្រើប្រាស់សម្រាប់គោលបំណងអ្វី? ដើម្បីធានាដល់ប្រជាជន​នៃប្រទេសទាំង​អស់ នូវសុវត្ថិភាព សុខភាពសាធារណៈនិងផែនដីមួយ ប្រកបទៅដោយអនាម័យ៕