វេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា”

សមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) នាព្រឹក ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣បានរៀបចំវេទិកា​ពិភាក្សាតុមូលក្រោម​ប្រធានបទ “រួមគ្នាប្រឆាំង ព័ត៌មាន ក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា” ចាប់ពីម៉ោង៩៖០០ព្រឹកដល់ម៉ោង ១១៖០០ព្រឹកនាទីស្នាក់ការ​កណ្តាល​របស់ខ្លួន​នៅអគារសមាគមសម្ព័ន្ឋខ្មែរចិននៅកម្ពុជា ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ភ្នំពេញ។

កិច្ចពិភាក្សាមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលនិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សយ សុភាព ប្រធាន លោក លីវ ស៊ាវគ័ង ព្រមទាំងសមាជិកគណៈកម្មាធិការនាយកនៃសសកច និងអ្នកសារព័ត៌មានមកពីបណ្តាអង្គភាព​នានា​ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលនិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបង្ហាញពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមគ្រប់ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ “ក្រសួងបានបង្កើតយន្តការជាច្រើន តួយ៉ាងគ្រុប​តេឡាក្រាម ៣០០០ និងបន្តធ្វើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន” ដែលនឹងចេញព្រមគ្នាជាមួយ  សេចក្តីព្រាងច្បាប់​ផ្សេង​ទៀត រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ដែលយន្តការផ្លូវច្បាប់”។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលនិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ក៏បានអំពាវនាវឱ្យ​សារព័ត៌​មាន​កម្ពុជា និងចិន ដែលកំពុងបំរើការនៅក្នុងប្រទេសកម្ពុជា បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ព័ត៌មានពិត និងចូលរួមប្រឆាំង​ព័ត៌មានក្លែង​ក្លាយ នៅកម្ពុជា តាមគ្រប់លទ្ធភាព ក្នុងវិជ្ជាជីវៈរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រសាសន៍លើកឡើងផងដែរ អំពី​ផលប៉ះពាល់ពីការផ្សាយព័ត៌មានក្លែងក្លាយ ដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទំនាក់ទំនងកម្ពុជា ចិន ។ តែយ៉ាងណាក៏ដោយ លោកក៏បាន​បញ្ជាក់ផងដែរថា ក្នុងនាមជាអ្នកស្រាវជ្រាវ ឯកឧត្តម តែងតែចុះទៅស្រាវជ្រាវដោយផ្ទាល់ នៅកន្លែងមួយចំនួនដែលរង​ការផ្សាយព័ត៌មានមិនពិតមួលបង្កាច់ ដូចជានៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ជាដើម ដើម្បីស្វែងរកព័ត៌មានពិត។ ជាលទ្ធផល គឺមិនពិតដូចការផ្សព្វផ្សាយនោះទេ។
ឯកឧត្តមបណ្ឌិត គី សិរីវឌ្ឍន៍ បានកត់សម្គាល់ផងដែរថា ការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មាន និងការលេចឡើងនូវបណ្តាញសង្គម​ជាច្រើន និងធ្វើឱ្យវិសាលភាពនៃការផលិតព័ត៌មានក្លែងក្លាយ កាន់តែខ្លាំងក្លា និងមានសកម្មភាពជាងមុន។ តែប្រការទាំងនេះ ត្រូវបាន​កាត់បន្ថយទៅវិញ ជាបន្តបន្ទាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាព​សារ​ព័ត៌មាន ផងដែរ។
លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច និងក្នុងនាមលោកផ្ទាល់ បានចូលរួមជាមួយ​ក្រសួង​ព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមគ្រប់លទ្ធភាពដែលខ្លួនមាន ជាពិសេសបន្តជំរុញ​ការផ្សព្វផ្សាយលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងចិន ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគិនចិន។
លោក លីវ ស៊ាវគ័ង អនុប្រធាន សសកចក៏ចាប់អារម្មណ៍ផងដែរថា ក្នុងនាមអ្នកសារព័ត៌មាន យើងមានការភ្ញាក់រលឹក និងមើលឃើញ​ច្បាស់​ថា​សព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនៅតែក្តោបក្តាប់ឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង លើការផ្សព្វផ្សាយព័តមាន ពិសេស​ក្នុងការផ្សាយព័ត៌មាន អន្តរជាតិ ពួកគាត់នៅតែលំអៀងទៅខាងប្រទេសខ្លួននិងប្រទេសសម្ព័ន្ធមិត្ត តែចំពោះប្រទេសដែលមិន  ស្តាប់​បង្គាប់​លោកខាងលិចវិញ គឺគេផ្សាយបែបរិះគន់ មួលបង្កាច់និងបំផ្លើសបំភ្លៃ។ ឧ. ថ្មីៗនេះព័ត៌មានស្តីពីការពិតនៃអាថ៌កំបាំង នៅពី​ក្រោយ​ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន ដែលទំលាយចេញដោយអ្នកសារព័ត៌មានជាន់ខ្ពស់អាមេរិកម្នាក់ ព័ត៌មានព្រឹត្តិការក្រលាប់រថភ្លើង បណ្តាលអោយធ្លាយចេញសារធាតុគីមី ដ៏មានគ្រោះថ្នាក់នៅអាមេរិក…បណ្តាញព័ត៌មានធំៗរបស់លោកខាងលិច សុទ្ធតែផ្សាយលំៗ ប៉ុន្តែបើចំពោះព្រឹត្តិការណាមួយដែលកើតឡើង ក្នុងប្រទេសគូសត្រូវវិញ ពួកគេផ្សាយបំប៉ោងនិងលាបពណ៌ ដែលនេះគឺបង្ហាញ​អោយ​មនុស្សក្នុងសកលលោក បានឃើញពីស្តង់ដារពីរ ដែលពួកគេអនុវត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន។
លោក ក៏រំលេចផងដែរថា “ឆ្នាំ២០២៣នេះ ជាឆ្នាំបោះឆ្នោតសកលនៅប្រទេសកម្ពុជា ព្រឹត្តិការកីឡាស៊ីហ្គេម ក៏នឹងប្រព្រឹត្តិទៅក្នុង​ឆ្នាំនេះ​ដែរ។ ដូចនេះយើងសង្ឃឹមថាសារព័ត៌មានក្នុងស្រុកទាំងអស់ នឹងប្រកាន់នូវឥរិយាបទវិជ្ជាជីវៈ និង ស្មារតីទទួលខុសត្រូវក្នុងការផ្សព្វ​ផ្សាយ​ព័ត៌មានពិតដែលជាស្នាដៃនៃប្រទេសកម្ពុជារួមទាំង ព័ត៌មានការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមគ្នាថែរក្សាស្ថេរភាព សន្តិភាព ដើម្បីឈានទៅលើកកំពស់កិត្យានុភាពប្រទេសកម្ពុជា លើឆាកអន្តរជាតិថែមមួយ កំរិតទៀត៕


https://fb.watch/iU4WK0XV9a/